ភ្នំពេញ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការមួយ ដែលប្រព្រឹត្តទៅនៅ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មានការចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល លោក Michael Wilde ប្រធាននាយកប្រតិបត្តិនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ លោក Turo Myochin នាយកប្រតិបត្តិ និងលោក Akihiko Kisaka នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយាល់ ព្រមទាំងវត្តមានចូលរួមរបស់គណៈគ្រប់គ្រងទាំងពីរស្ថាប័ន។

លោក Akihiko Kisaka នាយកប្រតិបត្តិរង​ នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចាប់ដៃគូអាជីវកម្ម ជាមួយសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដើម្បីធ្វើឱ្យការទទួលបានការអប់រំប្រកបដោយគុណភាពកាន់តែមានភាពងាយស្រួល និងមានតម្លៃសមរម្យសម្រាប់អតិថិជន និងបុគ្គលិករបស់យើង។​ កិច្ចសហការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ លើសពីសេវាកម្មធនាគារបែបប្រពៃណី និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវគុណតម្លៃបន្ថែមដល់អតិថិជន និងបុគ្គលិករបស់យើង។

លោក​​ Michael Wilde នាយកប្រតិបត្តិ នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏បានមានប្រសាសន៍បន្ថែមពីលើថា៖ “យើងក៏រីករាយផងដែរ ដែលបានសហការជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងការចូលរួមចំណែកធ្វើឱ្យវិស័យអប់រំកាន់តែមានគុណភាព ងាយស្រួល និងមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា និងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនដល់ឪពុកម្តាយ ឬអាណាព្យាបាលដើម្បីឱ្យកូនកូនៗរបស់ពួកគេទទួលបាននូវការអប់រំមួយដែលល្អប្រសើរ ប្រកបដោយគុណភាព ស្តង់ដារ និងតម្លៃសមរម្យ”។

កិច្ចសហការនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការជួយឱ្យកូនៗរបស់អតិថិជន និងបុគ្គលិករបស់យើងទទួលបានការអប់រំប្រកបដោយគុណភាព និងមានស្តង់ដារ ក្នុងតម្លៃសមរម្យ។ ឪពុកម្តាយអាចផ្តល់ឱ្យកូនៗ ទទួលបានការអប់រំល្អបំផុត តាមដែលអាចធ្វើទៅបានក្នុងតម្លៃសិក្សាដែលមានតំលៃសមរម្យនៅពេលប្រើប្រាស់ បណ្ណឥណទាន ឬឥណពន្ធវីសា ធនាគារ ជេ ត្រាស់ រ៉ូយាល់ ក្នុងការបង់ប្រាក់។ លើសពីនេះ តាមរយៈភាពជាដៃគូនេះ បុគ្គលិក និងអតិថិជនរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ អាចទទួលអត្ថប្រយោជន៍ជាច្រើន នៅពេលប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុជាមួយធនាគារ ជេ ត្រាស់ រ៉ូយាល់។