កាលពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2024 ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកម្មវិធីចែករំលែក "ចំណេះដឹងផ្នែកហិរញ្ញវត្ថុ“ ជូនដល់សិស្សានុសិស្សពីរក្រុមមកពី អង្គការអភិវឌ្ឍការអប់រំនៅកម្ពុជា (CEDO) ចំនួន 32នាក់ និង អង្គការជីវិតនៅកម្ពុជា (This Life Cambodia) ចំនួន 46នាក់ នៅខេត្តសៀមរាប។ ជាចំណែកចូលរួមដ៏សំខាន់ កម្មវិធីចែករំលែកនេះប្រព្រឹត្តទៅបានដោយរលូន ក្រោមការចូលរួមជ្រោមជ្រែង និងផ្ដល់ទីតាំងសម្រាប់ការបង្រៀនពីសំណាក់ អង្គការជីវិតនៅកម្ពុជា ខេត្តសៀមរាប។
ការចែករំលែកទាំងនេះ បានបញ្ចូលប្រធានបទចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗ ដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ វគ្គចែករំលែក ត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា ដោយមានការចូលរួមសំណេះសំណាលប្រកបដោយភាពស្និតស្នាលលើប្រធានបទផ្សេងៗរួមមាន៖
- ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន៖ កំណត់ផែនការហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង
- គន្លឹះសម្រាប់ការសន្សំ និងការគ្រប់គ្រងបំណុលប្រកបដោយប្រសិទ្ធិភាព
- សេវាកម្មធនាគារ និងផលិតផល សម្រាប់តម្រូវការប្រចាំថ្ងៃ
តាមរយៈការចូលរួមក្នុងវគ្គចែករំលែក ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ វាមិនត្រឹមតែអាចជួយពង្រឹងជំនាញគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អនាគតរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអោយពួកគាត់ អាចចែករំលែក ចំណេះដឹងទាំងនេះ ដល់សមាជិកគ្រួសារ និងសហគមន៍កាន់តែទូលំទូលាយផងដែរ។ តាមរយៈការធ្វើដូច្នេះ ពួកគេអាចរួមចំណែកដល់វប្បធម៌នៃការចែករំលែកចំណេះដឹង និងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នានៅជុំវិញពួកគេ។
 
                 English
                        English
                     日本語
                        日本語
                     
                            
                     
                            
                     
			
	
							
						 
			
	
							
						 
			
	
							
						 
			
	
							
						 
			
	
							
						 
			
	
							
						 
			
	
							
						 
			
	
							
						