រាជធានីភ្នំពេញ ថ្ងៃទី17 ខែកញ្ញា ឆ្នាំ2025 – ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង IHH Healthcare Singapore បានចាប់ដៃគូជាយុទ្ធសាស្ត្រ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងជម្រុញការថែទាំសុខភាព ពង្រឹងសុខុមាលភាព និងលើកកម្ពស់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ កិច្ចព្រមព្រៀងនេះបានប្រព្រឹត្តិទៅនៅការិយាល័យកណ្តាល IHH Healthcare Singapore–Cambodia ប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពរបស់ លោក Vincent Lai នាយកប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន IHH Healthcare Singapore និងលោក Akihiko Kisaka នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយាល់ ព្រមទាំងវត្តមានចូលរួមរបស់គណៈគ្រប់គ្រងស្ថាប័នទាំងពីរ។
លោក Akihiko Kisaka អគ្គនាយករងនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចាប់ដៃគូជាមួយ IHH Healthcare Singapore ដើម្បីជម្រុញសុខុមាលភាពរបស់អតិថិជនរបស់យើង។ កិច្ចសហការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ លើសពីសេវាកម្មធនាគារបែបប្រពៃណី។ យើងមានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនប្រទេសកម្ពុជា តាមរយៈការជម្រុញនូវការទទួលបានការថែទាំសុខភាព”។
លោក Vincent Lai នាយកប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន IHH Healthcare Singapore ក៏បានបន្ថែមថា៖ “កិច្ចសហការនេះឆ្លុះបញ្ចាំងនូវចក្ខុវិស័យរួមរបស់យើងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលលទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ តាមរយៈការផ្តល់ជូនដោយក្រុមហ៊ុន IHH Healthcare អតិថិជននឹងអាចទទួលបានសេវាថែទាំសុខភាពជាមួយស្តង់ដារអន្តរជាតិនៅប្រទេសសិង្ហបុរីនៅមន្ទីរពេទ្យចំនួនបួនរួមមាន មន្ទីរពេទ្យ Gleneagles មន្ទីរពេទ្យ Mount Elizabeth Orchard មន្ទីរពេទ្យ Mount Elizabeth Novena និងមន្ទីរពេទ្យ Parkway East ។”
ភាពជាដៃគូនេះ នាំមកនូវអត្ថប្រយោជន៍ពិសេសជាច្រើនជូនដល់អតិថិជនរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលទូទាត់ការចំណាយលើសេវាថែទាំងសុខភាពជាមួយបណ្ណឥណពន្ធ និងឥណទាននៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរីទាំងបួនខាងលើ។ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 10% លើកញ្ចប់សេវាពិនិត្យសុខភាព(Executive Health Screening Packages) និង 5% លើវិក្កយបត្ររួមនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងឥតគិតថ្លៃលើសេវាកម្មធ្វើដំណើរទៅមកពីព្រលានយន្តហោះ Changi របស់ប្រទេសសិង្ហបុរី និងសេវាប្រឹក្សារយោបល់ ២៤ម៉ោង និងអត្ថប្រយោជន៍ផ្សេងទៀតជាច្រើន។
មិនត្រឹមតែផ្ដល់ជូននូវមធ្យោបាយទូទាត់តាមបណ្ណប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព កិច្ចសហការដៃគូរនេះក៏ផ្តល់លទ្ធភាពជូនដល់អតិថិជនក្នុងការរៀបចំគិតគូរពីសុខភាព ដោយមិនប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគាត់ជាមួយការស្នើសុំគម្រោងបង់រំលស់តាមបណ្ណឥណទានរបស់ធនាគារ។
 
 
                 English
                        English
                     日本語
                        日本語
                     
                            
                     
                            
                     
			
	
							
						 
			
	
							
						 
			
	
							
						