ភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង ក្រុមហ៊ុន Morakot Technologyបានចុះហត្ថលេខាភាពជាដៃគូអាជីវកម្មតាមរយៈការចុះអនុស្សារណៈយោគយល់គ្នា នៅការិយាល័យកណ្តាលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងគោលបំណងសម្រួលដល់ដំណោះស្រាយទូទាត់ឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈការរួមបញ្ចូលកម្មវិធី Software Application នៃភាគីទាំងពីរ។
ភាពជាដៃគូនេះត្រូវបានធ្វើឡើង ដើម្បីផ្តល់នូវបទពិសោធន៍ទូទាត់តាមប្រព័ន្ធឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដែលសមស្របតាមតម្រូវការដែលកំពុងកើនឡើងរបស់សហគ្រាសធុនតូច និងមធ្យម។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីចែករំលែកធនធានបច្ចេកទេស និងជំនាញគ្នាទៅវិញទៅមក។ Morakot Technology នឹងផ្តល់ជំនួយផ្នែកព័ត៌មាន ដើម្បីសម្រួលការដាក់បញ្ចូលកម្មវិធីរបស់ខ្លួនជាមួយប្រព័ន្ធរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ខណៈដែលធនាគារ នឹងផ្តល់ជូននូវជំនួយផ្នែកបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាក្នុងដំណើរការតភ្ជាប់។ ភាគីទាំងពីរនឹងសម្របសម្រួលជូនអតិថិជនរបស់ខ្លួន ដើម្បីធានាឱ្យបាននូវដំណើរការដាក់បញ្ចូលប្រព័ន្ធទូទាត់ប្រកបដោយភាពរលូន។
លោក ឃួន សុភ័ទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Morakot Technology បានមានប្រសាសន៍ថា៖ “Morakot Technology ប្តេជ្ញាជម្រុញនូវនវានុវត្តឌីជីថលក្នុងវិស័យហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង។ ភាពជាដៃគូជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការផ្តល់នូវដំណោះស្រាយទូទាត់បែបឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពជាងមុនជូនសហគ្រាសធុនតូច និងមធ្យម។ ការរួមបញ្ចូលនូវកម្មវិធីហិរញ្ញវត្ថុជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានគោលបំណងលើកកម្ពស់មធ្យោបាយគ្រប់គ្រងប្រតិបត្តិការ លំហូរសាច់ប្រាក់ និងជំរុញកំណើនប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
លោក Akihiko Kisaka នាយកប្រតិបត្តិរង នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍បន្ថែមដែរថា៖ “ការរួមបញ្ចូលនេះ នឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងភាពជឿជាក់លើដំណើរការប្រព័ន្ធទូទាត់ឌីជីថល ដែលអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមអាចសម្រួលប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់ បង្កើនបទពិសោធន៍របស់អតិថិជន និងចុងក្រោយធ្វើឱ្យអាជីវកម្មរបស់ពួកគាត់កាន់តែរីកចម្រើន។ ភាពជាដៃគូនេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់ស្តង់ដារថ្មីនៅក្នុងដំណោះស្រាយទូទាត់ឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេស ដែលកើតឡើងតាមរយៈការដាក់បញ្ចូលគ្នានូវដំណោះស្រាយធនាគារ រួមជាមួយនឹងជំនាញផ្នែកកម្មវីធីរបស់ក្រុមហ៊ុន Morakot Technology។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន Morakot Technology ប្តេជ្ញាចិត្តរួមគ្នាក្នុងការជម្រុញឱ្យប្រសើរឡើងនូវនវានុវត្ត និងលទ្ធភាពប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុសម្រាប់ការផ្លាស់ប្តូរក្នុងវិស័យហិរញ្ញវត្ថុ។
អំពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (Joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd.ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោក ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។ (www.jtrustroyal.com)
អំពី ក្រុមហ៊ុន Morakot Technology
Morakot Technology គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយ ដែលមានមូលដ្ឋានលើបណ្តាញខ្លោដ៍ (cloud-based) ផ្តល់ជូននូវកម្មវិធីគ្រប់គ្រងប្រព័ន្ធស្នូល និងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ និងសហគ្រាសធុនតូច និងមធ្យម។ បង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយក្រុមអ្នកជំនាញផ្នែកធនាគារ បច្ចេកវិទ្យា និងមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនប្តេជ្ញាក្នុងការផ្តល់ជូននូវដំណោះស្រាយតាមរយៈកម្មវិធីជាសេវាកម្មប្រកបដោយភាពបត់បែន សុវត្ថិភាព និងភាពជឿទុកចិត្តបាន។ Morakot Technology បានផ្តល់ដំណោះស្រាយដល់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៥៦ នៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងប្រទេសថៃ ដែលបម្រើអតិថិជនចំនួន ៦៥០ ០០០ នាក់ ជាមួយនឹងផលប័ត្រកម្ចីសរុបលើសពី ១,៥ ពាន់លានដុល្លារអាមេរិក។ តាមរយៈនវានុវត្តជាបន្តបន្ទាប់ ក្រុមហ៊ុន Morakot Technologyនៅតែប្តេជ្ញាចិត្តក្នុងការជម្រុញការផ្លាស់ប្តូរបែបឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចឱ្យស្ថាប័នដំណើរការប្រកបដោយប្រសិទ្ធភាព និងអាចពង្រីកបានប្រកបដោយទំនុកចិត្ត។ (www.morakot.it)
 
                 English
                        English
                     日本語
                        日本語
                     
                            
                     
                            
                     
			
	
							
						 
			
	
							
						 
			
	
							
						 
			
	
							
						