ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការរៀបចំ និងដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទាន ក្រោមប្រធានបទ“ស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទង់អាជីវកម្ម និងជំនួបសហគ្រិនវ័យក្មេងលើកទី២“ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ ភ្នំពេញ។ 
 
កម្មវិធីនេះផ្តួចផ្តើមឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)​ និងរៀបចំឡើងសម្រាប់សមាជិក សហគ្រិន និងម្ចាស់អាជីវកម្ម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងបណ្តាញគាំទ្រអាជីវកម្មរវាងសមាជិកនិងសមាជិក ព្រមទាំងជាវេទិកាសម្រាប់ចែករំលែកនូវបទពិសោធ បញ្ហាប្រឈម ឬដំណោះស្រាយផ្សេងៗ ក៏ដូចជាការផ្សារភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើតឱកាសគាំទ្រគ្នាទៅវិញទៅមក។ កម្មវិធីនេះមានការចូលរួមពីសហគ្រិន និងម្ចាស់អាជីវកម្មប្រមាណជាង ២០០នាក់ ដែលក្នុងនោះមានសហគ្រិនជាស្ត្រីចំនួន៦៥នាក់ ដែលបានចូលរួមទទួលយកការចែករំលែកនេះ។