ខេត្តកំពង់ធំ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥៖ ធនាគារ ជេ ត្រាស់​ រ៉ូយ៉ាល់ មានកិត្តិយសដែលបានរួម និងគ្រាំទ្រដល់វិស័យអប់រំក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀន។ ការចូលរួមចំណែកនេះនឹងជួយដល់ការជួសជុល និងការលាបពណ៌សាលារៀន ការសាងសង់ប្រព័ន្ធទឹកស្អាត ការប្រគល់ទូរទស្សន៍ និងសម្ភារៈសិក្សាជាដើម តាមរយៈគម្រោងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលជាគំនិតផ្តួចផ្តើមរបស់ អង្គភាពស៉ើបការណ៍ហិរញ្ញវត្ថុកម្ពុជា តាមរយៈសមាគមធនាគារនៅកម្ពុជា។

កម្មវិធីនេះប្រព្រឹត្តទៅ និងផ្ដល់ជូនទៅសាលាបឋមសិក្សាច្រម៉ាស់ សាលាបឋមសិក្សា កំពង់ឈើទាល និងសាលាបឋមសិក្សាកូនក្អែក ស្ថិតនៅក្នុងឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្ត កំពង់ធំ ក្រោមអធិបតីភាព លោកជំទាវ សាយ សំអាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។​​

នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងទទួលស្គាល់ថា ការអប់រំផ្នែកហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសសម្រាប់ក្មេងៗជំនាន់ក្រោយ។ តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមនេះ គឺស្របតាមការប្តេជ្ញាចិត្តនៃទំនួលខុសត្រូវសង្គមរបស់យើង “ក្នុងការលើកកម្ពស់អក្ខរកម្ម ដើម្បីការរីកចម្រើននៃប្រទេសកម្ពុជា" ក្នុងការបង្កើតផលប៉ះពាល់ជាវិជ្ជមានរយៈពេលវែងនៅក្នុងសហគមន៍របស់យើង។ យើងសង្ឃឹមថា ការចូលរួមចំណែកនេះនឹងជំរុញទឹកចិត្តសិស្សានុសិស្ស និងផ្តល់កំលាំងចិត្តដល់សហគមន៍ទាំងមូលដ្ឋាន ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាប្រកបដោយចីរភាព។