រាជធានីភ្នំពេញ ថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួម ឧបត្ថម្ភកម្រិតមាស ក្នុងវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ លើកទី ៦ ដែលជាព្រឹត្រិការណ៍អម កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន លើកទី២០ ក្រោមមូលបទ «នវានុវត្តន៍៖ កាតាលីករសម្រាប់ចីរភាព និងសមាហរណកម្មនៃសហគមន៍ហ្វ្រង់កូហ្វូន» ។
រៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា (CCC) សហការជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ((Alliance des Patronats Francophones - APF) វេទិកានេះ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 13 ដល់ 15 ខែវិច្ឆិកា ឆ្នាំ 2026។ ពិធីបើកវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពី ឯកឧត្តម Paul St-Pierre Plamondon នាយករដ្ឋមន្ត្រីកេប៊ិក (Quebec) ប្រទេសកាណាដា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង លោក Ahmed Cisse ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (Alliance des Patronats Francophones – APF)។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្ត្រ ដែលវេទិកាសហគ្រិនហ្វ្រង់កូហ្វូនត្រូវបានរៀបចំឡើងជាលើកដំបូងបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងរយៈពេល ៣ថ្ងៃ វេទិកានេះ បានទាក់ទាញគណៈប្រតិភូធុរកិច្ចជាង ១០០០ នាក់ មកពីបណ្តាប្រទេសនិយាយភាសាបារាំង និងប្រទេសដៃគូជាង ៤០ ប្រទេស ដើម្បីជួបពិភាក្សាធុរកិច្ច ផ្លាស់ប្តូរយោបល់ ស្វែងរកឱកាសវិនិយោគ ជំរុញការបណ្តាក់ទុនរួមគ្នា ព្រមទាំងសម្រួលប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែនលើវិស័យសំខាន់។
ដោយផ្អែកលើបទពិសោធន៍ក្នុងវិស័យធនាគារជាង ២០ ឆ្នាំ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុជាសកល ឧត្តមភាពក្នុងប្រតិបត្តិការ និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តប្តេជ្ញាគាំទ្រដល់អាជីវកម្មនានា តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដែលជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ។ តាមរយៈការចូលរួមក្នុងវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ឆ្នាំ២០២៦ នេះ គឺជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការពង្រឹងទំនាក់ទំនងអាជីវកម្មអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្មកម្ពុជា ដើម្បីរីកចម្រើន និងពង្រីកវិសាលភាពទៅកាន់ទីផ្សារក្រៅប្រទេស។